ថ្ងៃស្អែកនេះមហាជនរាប់ពាន់នាក់ រួមគ្នាប្រារព្ធពិធីរំលឹកដល់អំពើឃោរឃៅរបស់ខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក…

(ភ្នំពេញ)៖ ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ គឺជា «ទិវាជាតិនៃការចងចាំ» ដែលជាទិវាមួយរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងធ្វើទារុណកម្មគ្មានត្រាប្រណី។
មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះទេ ការប្រារព្ធទិវានៃការចងចាំនៅឆ្នាំ២០១៩ស្អែកនេះ មហាជនរហូតរាប់ពាន់នាក់ ដែលដឹកនាំដោយថ្នាក់ដែលដឹកនាំសាលារាជធានីភ្នំពេញ នឹងជួបជុំគ្នានៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯង ដឹកនាំដោយ ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។
ដូចបណ្តាឆ្នាំកន្លងទៅដែរពិធីនៅថ្ងៃស្អែកនេះ នឹងមានការសម្តែងនូវឈុតឆាកមួយចំនួនបង្ហាញទង្វើដ៏សែនព្រៃផ្សៃរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនៅចុងក្រោយនៃកម្មវិធីមានពិធីសូត្រមន្តបង្សុកូល និងរាប់បាត្រព្រះសង្ឃប្រមាណ ២០៧អង្គ ដើម្បីឧទ្ទិសកុសលដល់ប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងរបបពិឃាតឃោរឃៅនេះជាង ២លាននាក់។


គួររំលឹកថា ទិវាចងចាំ ២០ ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើតរបស់សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតដល់ឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។ ការកំណត់យកថ្ងៃនេះធ្វើជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករាឆ្នាំ១៩៧៩។

ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទិវាជាតិនៃការចងចាំនេះ ធ្វើឡើងដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭកដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ប៉ះប៉ូវការឈឺចាប់ផ្លូវចិត្ត និងផ្នែកសង្គមដល់ជនរងគ្រោះ និងក្រុមគ្រួសារ ចូលរួមក្នុងការផ្សះផ្សារជាតិ និងជំរុញឲ្យមានសុខដុមនីយកម្ម ក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅ ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះ ដើម្បីកុំឲ្យវាកើតមានសារជាថ្មី។
មាត្រា២នៃអនុក្រឹត្យនេះចែងថា ទិវាជាតិនៃការចងចាំនេះត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ ប្រជាពលរដ្ឋគ្រប់រូបត្រូវបានផ្តល់ឱកាសឲ្យរៀបចំពិធីតាមជំនឿសាសនា ឬទំនៀមទម្លាប់របស់ខ្លួន៕
ប្រភព Fresh News