មេធាវីរបស់លោក សៀក សុជាតិ ចេញបំភ្លឺ និងច្រានចោលការចោទប្រកាន់ទាំងឡាយ របស់អតីតភរិយា…

(ភ្នំពេញ)៖ លោកស្រី ទ្រី ស្រីលក្ខ័ណ សមាជិកគណៈមេធាវី និងជាមេធាវីនៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ ដែលជាមេធាវីតំណាងឱ្យលោក សៀក សុជាតិ បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយរបស់លោកស្រី មុំ ម៉ានុត អតីតភរិយារបស់លោក សៀក សុជាតិ។ លោកស្រីមេធាវី បានអះអាងថា ការលើកឡើងរបស់លោកស្រី មុំ ម៉ានុត នៅលើគណនី Facebook ឈ្មោះ «Pheaktra Manut» ជាការចោទប្រកាន់ខុសពីការពិត ហើយធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូ និងធ្វើឱ្យមានការភាន់

ច្រឡំលើលោក សៀក សុជាតិ ផងដែរ។ លោកស្រី មុំ ម៉ានុត តាមរយៈគណនី Facebook «Pheaktra Manut» កាលពីពេលថ្មីៗនេះ បានលើកឡើងថា ក្រោយពីការលែងលះគ្នាដាច់ស្រេចតាមរយៈសាលក្រមតុលាការអស់រយៈពេល៥ឆ្នាំ លោក សៀក សុជាតិ មិនបានបំពេញកាតព្វកិច្ចជួយចិញ្ចឹមកូនពីរនាក់ (ប្រុស១រូប និងស្រី១រូប) នោះឡើយ។ ជាហេតុនាំឱ្យកូនៗជួបការលំបាកផ្លូវចិត្តជាខ្លាំង រហូតដល់កូនស្រីបោះបង់ការសិក្សាថែមទៀតផង។ នៅក្នុងលិខិតបំភ្លឺលោកស្រី ទ្រី ស្រីលក្ខ័ណ មេធាវីតំណាងឱ្យលោក សៀក សុជាតិ បានអះអាងថា ការលើកឡើងរបស់លោកស្រី មុំ ម៉ានុត គឺជាការចោទប្រកាន់ខុសពីការពិត។ លោកស្រីមេធាវីអះអាងទៀតថា លោក សៀក សុជាតិ នៅតែបំពេញតួនាទី និង

កាតព្វកិច្ចជាឪពុក ដោយបានផ្តល់អាហារកិច្ចដល់កូនទាំងពិរ តាមរយៈការបង់ប្រាក់ថ្លៃសាលារៀន ថ្លៃចំណីអាហារនៅសាលា និងចំណាយផ្សេងៗ។ លោកស្រីមេធាវីបញ្ជាក់យ៉ាងដូច្នេះ «នាងខ្ញុំសូមបញ្ជាក់ថា កូនទាំងពីរនាក់សព្វថ្ងៃកំពុងរស់នៅជាមួយឈ្មោះ មុំ ម៉ានុត (ពុំមានមុខរបរ) ខណៈដែលឯកឧត្តម សៀក សុជាតិ កំពុងទាមទារអំណាចមេបាលើកូនទាំងពីរ ដើម្បីយកមកថែរក្សា ប៉ុន្តែការសម្រេចលើការប្រគល់អំណាចមេបាទៅឱ្យភាគីណាមួយគ្រប់គ្រង ស្ថិតនៅក្នុងនីតិវិធីតុលាការ និងពុំទាន់ចូលជាស្ថាពរនៅឡើយទេ»។ លោកស្រីមេធាវី បន្តបញ្ជាក់ថា ថ្វីដ្បិតកូនទាំងពីររស់នៅជាមួយលោកស្រី មុំ ម៉ានុត ប៉ុន្តែលោក សៀក សុជាតិ តែងតែមានទំនាក់ទំនងជាមួយកូនទាំងពីរជានិច្ច ដើម្បីផ្តល់ភាពកក់ក្តៅដល់កូន និងថែមទាំងបាននាំកូនប្រុសឈ្មោះ សុជាតិ សុភ័ក្ត្រារាជ ធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសយ៉ាងរីករាយជាមួយក្តីស្រឡាញ់ និងភាពកក់ក្តៅរវាងឪពុក និងកូន៕ ប្រភព Fresh News

%d bloggers like this: