ក្តៅៗ ! ខណៈនេះ ឡាវបង្កើនទ័ពនៅព្រំដែនខេត្តព្រះវិហារ កម្ពុជាត្រៀមជម្លៀសប្រជាជន ៤ភូមិ ចេញពីព្រំដែន ស្រុកជាំក្សាន្ត…

(ខេត្តព្រះវិហារ)៖ របាយការណ៍ខេត្តព្រះវិហារ ដែលបានផុសផ្សាយលើ Facebook របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន បង្ហាញថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ សភាពការណ៍ព្រំដែនកម្ពុជា-ឡាវ តាមរបាយការណ៍លោកអធិការស្រុកជាំក្សាន្ត និងកងកម្លាំងជួរមុខ គឺសកម្មភាពយោធាឡាវ បន្តឈរជើងនៅចំណុចដដែល ពិនិត្យឃើញមានការកើនកម្លាំងជាងមុន។ កម្លាំងខាងយើង ក៏បានបន្ថែម នៅគ្រប់គោលដៅ ត្រៀមចាំបញ្ជា។

របាយការណ៍របស់មន្ទីរព័ត៌មាន ខេត្តព្រះវិហារ ជូនរដ្ឋមន្ត្រី ក៏បានបន្តថា «នៅម៉ោង ៦ និង ៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ស្រីឌឹក មេបញ្ជាការកងពលធំលេខ៣ បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំ និងសមត្ថកិច្ចស្រុកជាំក្សាន្ត អោយត្រៀមលក្ខណៈជម្លៀសប្រជាជន ចំនួន ៤ភូមិ ក្នុង ២ឃុំ រួមមាន៖ ១-ភូមិរបុញ ២-ភូមិសែនតេជះ ៣-ភូមិមរកតតេជោ ក្នុងឃុំមរកត និង១ភូមិទៀត គឺភូមិសែនរុងរឿង៥ ក្នុងឃុំទឹកក្រហម ស្រុកជាំក្សាន្ត អោយមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែត ក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្នឈានដល់ការផ្ទុះអាវុធ»៕


ប្រភព៖ (konpov.net)