កូនខ្មែរគួរដឹង! សម្តេចព្រះមហាសុមេធាធិបតី សង្ឃរាជ ហួត តាត ជាមហាបុរសទី២បន្ទាប់ពី សម្តេចសង្ឃរាជ ជួន ណាត…(មានវីដេអូ)

ភ្នំពេញ: សម្តេចព្រះមហាសុមេធាធិបតីសង្ឃរាជ ហួត តាត ជាសមាជិកគណៈកម្មការរៀបចំ និងពិនិត្យវចនានុក្រមខ្មែរ និងជាអ្នកមានចំណែកគុណូបការៈដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា អក្សរសាស្ត្រ ប្រពៃណីជាតិ, វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ និងសាលាបាលីជាន់ខ្ពស់ ជាកល្យាណមិត្ត និងសហការីរបស់សម្តេចសង្ឃរាជមហាបុរសខ្មែរ ជួន ណាត។សម្តេចព្រះមហាសុមេធាធិបតី សង្ឃរាជ ហួត តាត ប្រសូត្រនៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស២៤៣៥ គ.ស. ១៨៩២ នៅភូមិផ្សារឧដុង្គ ខេត្តកំពង់ស្ពឺ។ បិតានាម ហុក សេង ហៅហួត មាតានាម ង៉ែត។ អាយុ៧ឆ្នាំ កុមារ តាត បានទៅស្នាក់នៅសិក្សាអក្សរសាស្ត្រលេខនព្វន្តក្នុង សំណាក់ ព្រះធម្មឃោសាចារ្យ មាស ហើយបានបួសជាសាមណេរក្នុងសំណាក់ព្រះធម្មឃោសាចារ្យអង្គនេះ នៅពេលមានអាយុ១៣ឆ្នាំ។ អនាគតបញ្ញវ័ន្តសង្ឃខ្មែរដ៏មានឧបការគុណ ចំពោះ ព្រះពុទ្ធសាសនា និងជាតិខ្មែរអង្គនេះ បានសិក្សាបរិយត្តិធម៌ ( ធម៌ផ្នែកឯខាងទ្រឹស្តី) ក្នុងសំណាក់ព្រះធម្មលិខិត ស៊ូ។

ឆ្នាំជូត ព.ស.២៤៥៦ គ.ស.១៩១២ ក្នុងវ័យ២០ព្រះវស្សា (តាមកល្យាណមិត្តរបស់ខ្ញុំ ជាស្នាព្រះហស្ថផ្ទាល់ របស់សម្តេច ហួត តាត) សាមណេរ ហួត តាត បានបំពេញឧបសម្បទាជាភិក្ខុ ក្នុងពុទ្ធសីមាវត្តឧណ្ណាលោម ក្រុងភ្នំពេញ ដោយមានសម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ ៣រជ្ជកាល (រជ្ជកាលព្រះករុណា អង្គ ដួង, ព្រះករុណា នរោត្ដម និងព្រះករុណា សិរីសុវត្ថិ) និល ទៀង ជាព្រះឧបជ្ឈាយ៍។ ១៥ថ្ងៃក្រោយមកត្រូវបាន សម្តេចព្រះសង្ឃរាជ និល ទៀង តែងតាំងជា ព្រះគ្រូសង្ឃវិជ្ជា (លំដាប់ពីនោះ១៥ថ្ងៃ ព្រះបាឡាត់ ជួន ណាត ក៏ត្រូវបានសម្តេចព្រះសង្ឃរាជ និល ទៀង តែងតាំងជា ព្រះគ្រូសង្ឃសត្ថា ដែរ)។ដោយមានព្រះគ្រូសង្ឃសត្ថា ជួន ណាត បបួលជារឿយៗនោះ ព្រះអង្គបានសិក្សាភាសាបារាំងរៀងរាល់យប់ជាមួយនឹងព្រះគ្រូសង្ឃសត្ថា នៅក្នុងកុដិរបស់ព្រះអង្គ (ជួន ណាត) នាវត្តឧណ្ណាលោម ដោយមានប្អូនរបស់ព្រះគ្រូសង្ឃសត្ថា ជាគ្រូហើយការ សិក្សានេះតែងតែធ្វើឡើងដោយបិទទ្វារកុំឲ្យឃើញ ត្បិតសម័យនោះ ព្រះសង្ឃណាសិក្សាភាសាបារាំងត្រូវគេលើកទោសដាក់។

ច្រើនខែក្រោយមក ភិក្ខុជាកល្យាណមិត្តទាំងពីរអង្គនេះបានចេះភាសាបារាំងអាចអាន និងរសេរបានខ្លះៗទើបលួចលាក់ទៅសិក្សាពីសំណាក់គ្រូជាជាតិខ្មែរម្នាក់ ទៀតឈ្មោះ ឡាំ អ៊ុំ ដែលជាគ្រូបង្រៀនភាសាបារាំងអស់រយៈពេល ជាច្រើនខែ។ ដោយមានចរិតជាមនុស្សមិនចូលចិត្តធ្វើអ្វីសើរៗលោកក៏បន្តសិក្សាភាសានេះជាមួយលោក ពូ លិសេ ជាជនជាតិបារាំង ដែលរាជការបារាំងបានចាត់ឲ្យបង្រៀននៅសាលាបាលីជាន់ខ្ពស់។ គ្រាមួយនោះបុរសជាតិ ក្លឹង្គម្នាក់ ឈ្មោះ ឧទម្ពៃ ស្ពាយសណ្តែកដីដើរពពាយនាយលក់នៅក្នុងវត្តឧណ្ណាលោម។ ព្រះគ្រូសង្ឃសត្ថា ជួន ណាត បានហៅក្លឹង្គនោះចូលមកសួរក្នុងកុដិថា “អ្នកចេះភាសាសំង្ក្រឹតទេ?” បុរសដើរលក់សណ្តែកដីរូបនោះ បានឆ្លើយថា “ចេះ”។ ព្រះគ្រូសង្ឃសត្ថា សុំឲ្យបុរសនោះបញ្ចេញសំនៀងសាកលមើល។ បុរសនោះបានសូត្រគាថា ដោយមានការលើកដាក់តាមបែបសំនៀងភាសាសំស្ក្រឹតចំនួនពីរបីគាថា ទើបព្រះគ្រូសង្ឃសត្ថា សុំក្លឹង្គនោះ ឲ្យបង្រៀនភាសាសំស្ក្រឹត ជាហេតុនាំឲ្យព្រះអង្គ (ហួត តាត) បានសិក្សាភាសាសំស្ក្រឹតនៅក្នុងកុដិព្រះគ្រូសង្ឃសត្ថា ជួន ណាត នៅក្នុងកុដិដដែលនេះទៀតរហូតបានចេះអានចេះសរសេរអក្សរទេវនាគរី (អក្សរសម្រាប់សរសេរ ភាសាសំស្ក្រឹត) និងភាសាសំស្ក្រឹតបានខ្លះ។

ហាក់ដូចជាមិនទាន់មានឯកសារណាបញ្ជាក់ច្បាស់លាស់ពីកម្រឹតសិក្សារបស់ព្រះមហាសង្ឃរាជអង្គនេះឡើយ ប៉ុន្តែយើងបានដឹងថា ព្រះអង្គ និងសម្តេចព្រះមហាសង្ឃរាជ ជួន ណាត រមែងមានការសិក្សាស្របគ្នា ជាមួយគ្នាស្ទើរគ្រប់មុខវិជ្ជា ។ យើងបានដឹងទៀតថា នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្តេចព្រះមហាសង្ឃរាជ ជួន ណាត ដែលកាលនោះព្រះអង្គនៅជា ព្រះគ្រូសង្ឃសត្ថា បានប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាមវិហារ ព្រះកែវមក៌ត ចំពោះព្រះភ័ក្ត្រព្រះករុណា សិរីសុវត្ថិ បាន៤ប្រយោគ ជាប្រយោគជាន់ខ្ពស់បំផុតនាសម័យនោះ។ បុគ្គលដែលអាចចូលប្រឡងប្រភេទនេះបាន លុះណាតែបានសិក្សាសាលាបាលីជាន់ខ្ពស់ចប់ដោយបរិបូរ ហើយជាអ្នកឆ្លៀវឆ្លាតទៀតផង។ ហេតុនេះយើងអាចគិតថា ព្រះមហាសុមេធាធិបតី ហួត តាត ក៏បានសិក្សាចប់សាលាបាលីជាន់ខ្ពស់ដែរ។


ធម៌ចាស់ និងធម៌ថ្មី

បន្ទាប់ពីសម្តេចព្រះសង្ឃរាជគណៈមហានិកាយ និល ទៀង ចូលទិវង្គតបានប្រមាណជា១ឆ្នាំ ទើបព្រះករុណា សិរីសុវត្ថិ សព្វព្រះទ័យតែងតាំងព្រះថេរៈ កែ អ៊ុក គង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ជាព្រះធម្មលិខិតព្រះសង្ឃ នា យកគណៈមហានិកាយនៅ ព.ស.២៤៥៨ គ.ស.១៩១៤។សម័យនោះ ព្រះសង្ឃគង់ក្នុងវត្តឧណ្ណាលោម ជាព្រះមហាថេរៈ មានសមណស័ក្តិ និងវ័យប្រហាក់ប្រហែលគ្នា នឹងព្រះអង្គហើយព្រះថេរៈអង្គខ្លះទៀតមានចំណេះ វិជ្ជាខ្ពង់ខ្ពស់ជាងនោះ ទើបពុំសូវមានការគោរពកោតក្រែងចំពោះព្រះសង្ឃនាយកអង្គនេះឡើយ។ ហេតុនេះ នៅក្នុងវត្តឧណ្ណាលោម ជាវត្តប្រមុខ នៃព្រះពុទ្ធសាសនាមហានិកាយនោះ មានភាពរកាំរកូសច្រើនមិនសូវរៀបរយ សណ្តាប់ធ្នាប់ឡើយ ហើយក៏ពុំមានការសិក្សារកខុសត្រូវក្នុងការប្រតិបត្តិព្រះពុទ្ធសាសនាដែរ ពោលគឺប្រតិបតិ្តតាមទំនៀមទម្លាប់សុទ្ធសាធ។ថ្ងៃមួយ ជាពេលជិតចូលវស្សា មានអ្នកអង្គម្ចាស់១អង្គ ( នាម … ? ) ទំនងជាដោយហេតុបានឃើញភាពឆ្គាំឆ្គងនៃភិក្ខុ សាមណេរក្នុងវត្តនេះជាដើមនោះ បានទៅទូលស្នើរសម្តេចព្រះសង្ឃនាយក កែ អ៊ុក សុំបង្កើតឲ្យមានព្រះសង្ឃសម្ដែងព្រះវិន័យក្នុងវិហារវត្តឧណ្ណាលោមរាល់រាត្រី ដើម្បីឲ្យភិក្ខុ សាមណេរស្តាប់រហូតដល់ចេញវស្សា។

សម្តេចព្រះសង្ឃរាជ ក៏សព្វព្រះទ័យ និងបានសម្រឹតសម្រាំងព្រះសង្ឃក្នុងវត្តឧណ្ណាលោម បាន៣អង្គដែលជាអ្នកមានភាពឆ្លៀវឆ្លាតផ្នែកខាងធម៌វិន័យ។ ភិក្ខុ៣រូបនោះគឺ ព្រះគ្រូវិមលបញ្ញា អ៊ុំ ស៊ូ, ព្រះគ្រូសង្ឃសត្ថា ជួន ណាត និងព្រះគ្រូ សង្ឃវិជ្ជា ហួត តាត។ទទួលបានកាតព្វកិច្ចដ៏សំខាន់នេះ ព្រះគ្រូទាំង៣រូបដែលមានប្រតិពលផ្នែកធម៌វិន័យស្រាប់ ហើយនោះក៏បន្ថែមការសំភីរបស់ខ្លួនក្នុងការសិក្សាស្រាជ្រាវរាវរកឬសគល់ នៃព្រះវិន័យទ្វេឡើងហើយ នាំយកមកសម្ដែង និងបង្រៀនដល់ភិក្ខុសាមណេរក្នុងអារាមនេះ។មិនយូរប៉ុន្មាន បន្ទាប់ពីបានស្តាប់និងបានរៀនមក ភិក្ខុសាមណេរជាច្រើនក្នុងវត្តឧណ្ណាលោមចាប់ផ្តើមភ្ញាក់រឭកនិងមើលឃើញពីកំហុសដែលបានប្រតិបត្តិកន្លង មក ជាហេតុនាំឲ្យមានការនិយាយគ្នាច្រើនឡើងៗជារៀងរាល់ថ្ងៃអំពីផ្លូវប្រតិបត្តិខុស និងត្រូវ។ ប្រការនេះបានបណ្តាលឲ្យសម្តេចព្រះសង្ឃនាយក និងព្រះមហាថេរៈមួយចំនួនក្នុងជួររាជាគណៈកើតទោមនស្សយ៉ាងក្រៃលែង(ត្បិត អ្នកទាំងនោះក៏ប្រតិបត្តិបែបមានកំហុសនោះដែរ)។ មិនតែប៉ុណ្ណោះសោត ពួកមនុស្សថ្នាក់កំពូលនៃព្រះពុទ្ធសាសនាមហាកាយក្នុងប្រទេសម្ពុជាទាំងនេះបានពោលលើកទោសដាក់ព្រះសង្ឃក្មេងៗដែលមានព្រះគ្រូទាំង៣រូប ជាប្រមុខនេះថា ពោលពាក្យផ្តេសផ្តាស បង្កាច់ បង្ខុសពីទំនៀមទម្លាប់ចាស់ដែលពួកខ្លួនធ្លាប់បានប្រតិបត្តិ ជាយូរលង់ណាស់មកហើយ និងបានហាមឃាត់ភិក្ខុសាមណេរលែងឲ្យទៅស្តាប់ទៅរៀនទៀត។

កម្មវិធីសម្ដែងវិន័យក៏ចប់ត្រឹមនេះ ប៉ុន្តែចរន្តនៃការចង់ដឹង ខុស និងត្រូវពិតប្រាកដនេះ មិនបាន បញ្ចប់ត្រឹមនេះទេ ហើយមនសិការនេះ រឹតតែខ្លាំងក្លាឡើង។ ចំណែកព្រះគ្រូទាំង៣រូបក៏បានបន្ថែម ការព្យាយាមសិក្សាពិនិត្យ គម្ពីរនានា (កាលនោះសុទ្ធតែជាគម្ពីរភាសាបាលី) របស់ខ្លួនកាន់តែខ្លាំង និងប្រកបដោយឆន្ទៈមោះមុតជាងមុន ដោយសារពួកលោកយល់ និងប្រាកដថា អ្វីដែលពួកលោកបាន និងកំពុងធ្វើនោះគឺពិតជាត្រឹម និង ត្រូវឥតមាន ល្អៀងប្រាសចាកពីពុទ្ធដីកាឡើយ ហើយក៏ប្រាកដក្នុងចិត្តថា រាល់កិច្ចានុកិច្ចនោះ ត្បិតតែចិត្តបង្កាច់ បំបាក់អ្នកដទៃ ឬថាឥច្ឆាឈ្នានិសបុគ្គលណាម្នាក់ ឬថាដោយសារមហិច្ឆត្តាប្រាថ្នាលើកតម្កើងខ្លួនឯង ក៏ទេប៉ុន្តែគឺដើម្បីសេច ក្តីចម្រើន និងភាពត្រឹម និង ត្រូវនៃព្រះពុទ្ធសាសនា ឲ្យពុទ្ធសាសនិកមានប្រាជ្ញា ប្រាសចាកការជឿ និងប្រតិបត្តិទាំងភាពងងឹត ងងល់ និងសេចក្តីចម្រើនដល់ប្រទេសជាតិពិតៗ។ នឹងថាការពោលអះអាង ទាំងនោះជាគំនិតរបស់ ពួកលោកផ្ទាល់ ក៏មិនមែន ប៉ុន្តែវិន័យទាំងនោះមានចែងក្នុងគម្ពីរនានា មានព្រះត្រ័យបិដក ជាអាទិ៍ ដោយពិត គ្រាន់តែថា គម្ពីរទាំងនោះជាភាសាបាលី ដែលពួក អ្នកប្រកាន់បុរាណនិយមមិនចេះ ឬមិនខ្វល់ក្នុងការពិនិត្យតែ ប៉ុណ្ណោះ។ (សូមអាន បន្ថែមទៀត សៀវភៅ កល្យាណមិត្តរបស់ខ្ញុំ និពន្ធដោយសម្តេច ព្រះមហាសុមេធាធិបតី ហួត តាត ព្រះសង្ឃនាយកគណៈ មហានិកាយ)។

ពាក្យថា “ធម៌ចាស់” និង “ធម៌ថ្មី” ក៏បានចាប់បដិសន្ធិឡើងក្នុងទឹកដីខ្មែរចាប់ពីពេលនោះ ពោលគឺចេញពីវត្តឧណ្ណាលោម។ ក្រុមដែលប្រកាន់ខ្ជាប់របៀបប្រតិបត្តិព្រះពុទ្ធសាសនាតាមទម្លាប់ តៗគ្នាពីបុរាណ (ទោះជាទម្លាប់ នោះមិនត្រឹត្រូវតាមពុទ្ធោវាទក្តី) ហៅថា “ពួកធម៌ចាស់” ហើយពួកនេះមិនរវីរវល់ នឹងសិក្សា ពិនិត្យ ផ្ទៀងផ្ទាត់ជាមួយនឹងគម្ពីរដីការដែលជាគោលគ្រឹះនៃ ព្រះពុទ្ធសាសនាឡើយ។ ក្រុមដែលសិក្សា ពិនិត្យនិងប្រតិបត្តិតាម ដែលមានចែងក្នុងគម្ពីរដីការ ហើយហ៊ានកែប្រែប្រសិនបើឃើញថាទម្លាប់ណាខុស។ ក្រុមត្រូវបានហៅថា “ក្រុមធម៌ថ្មី”។សម្តេចព្រះមហាសុមេធាធិបតី ហួត តាត បានបញ្ចេញទស្សនៈថា “ពាក្យ ធម៌ចាស់និងធម៌ថ្មីនេះ ជាពាក្យអព្វមង្គល អ្នកបង្កើតឲ្យមានពាក្យនេះ ជាកំហុសដ៏ធំសម្បើម និងគួរឲ្យសោកស្តាយយ៉ាងក្រៃលែង ព្រោះធ្វើឲ្យសង្គមពុទ្ធសាសនិកខ្មែរបែកបាក់សាមគ្គី”។នៅក្នុងពិធីថ្វាយសញ្ញាប័ត្រ មហាបណ្ឌិត អក្សរសាស្ត្រខ្មែរ ដល់សម្តេចព្រះសង្ឃរាជ ជួន ណាត នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៦៧ ព្រះប្រមុខរដ្ឋ នរោត្ដម សីហនុ បានមានព្រះបន្ទូលថា “អ្នកខ្លះនិយាយខុសទាំងស្រុងថា នៅក្នុងសាសនាយើងមានធម៌ថ្មី ធម៌ចាស់។ តាមការពិតយើង ពុំមានធម៌២ទេ មានតែ១គត់។ ដែលនិយាយថា ធម៌ថ្មីនោះ គឺការដែលខំសម្រឹតសម្រាំងព្រះសាសនាឲ្យផុតអំពីជំនឿខុស អំពីការយល់ហួសហេតុផល និងទម្លាប់ខុស គឺពុំមែនធ្វើឲ្យព្រះពុទ្ធសាសនាទៅជាបែបថ្មីទេ។ ការពិតគឺធ្វើឲ្យព្រះសាសនាត្រឡប់ទៅរកប្រភពដើមដ៏ត្រឹម ត្រូវល្អវិញតែប៉ុណ្ណោះ”។

សម្តេចព្រះធម្មលិខិត កែ អ៊ុក ព្រះសង្ឃនាយកគណៈមហានិកាយ និងព្រះមហាថេរៈមួយចំនួនដែលស្ថិតនៅក្នុងជួររាជាគណៈ ជាមេក្លោង ក្រុមអភិរ័ក្សបែបបុរាណនិយម។ ក្រុមនេះក៏បានប្រឆាំងដាច់ខាតផងដែរនូវការសិក្សា ផ្នែកបរិយតិ្តធម៌ ដែលតម្រូវឲ្យបកប្រែគម្ពីរព្រះពុទ្ធសាសនា ពីភាសាបាលី មកជាភាសាជាតិ។ ក្រុមបុរាណនិយម នេះក៏បានប្រឆាំងផងដែរ នឹងការយកគម្ពីរ ដីកាព្រះពុទ្ធសាសនាមកបោះពុម្ពជាសៀវភៅដែលប្រើក្រដាសដោយ ក្រុមនេះបានតម្រូវឲ្យរក្សា គម្ពីរដីកានានា ឲ្យនៅជាសាស្ត្រាស្លឹករឹត ដដែល។ប៉ុន្តែព្រះគ្រូសង្ឃសត្ថា ជួន ណាត, ព្រះគ្រូសង្ឃវិជ្ជា ហួត តាត, ព្រះគ្រូវិមលបញ្ញា អ៊ុំ ស៊ូ និងព្រះបវរញាណវិជ្ជាល្វី ឯម បានបន្ថែមការព្យាយាម រិតតែខ្លាំងក្លាក្នុងការស្រាវជ្រាវចងក្រង ជាសៀវភៅដូចជាសៀវភៅ សាមណេរវិន័យ, ភិក្ខុបាតិមោក្ខសង្ខេប, បព្វជ្ជាខន្ធកសង្ខេប, សីមាវិនិច្ឆ័យសង្ខេប, គហិប្បដិបត្ត និងកឋិនក្ខន្ធក ជាដើមបើទោះជាត្រូវបានក្រុមសម្តេច ព្រះសង្ឃនាយក កែ អ៊ុក បង្កជាឧបសគ្គរារាំងយ៉ាងណាក្តី។ទំនាស់ក្នុងព្រះពុទ្ធសាសនាបានរីករាលដាល តាំងពីថ្នាក់រាជធានីរហូតដល់ ខេត្ត ខណ្ឌ ជនបទទូទាំងប្រទេសដែលនាំឲ្យសាមគ្គីភាពរបស់ពុទ្ធបរិស័ទខ្មែរជួបភាព ប្រេះឆាយ៉ាងជូរចត់ រហូតដល់ ព្រះធម្មលិខិត ព្រះសង្ឃនាយក កែ អ៊ុក បានធ្វើពាក្យបណ្តឹងទៅក្រសួងធម្មការ ដើម្បីសុំព្រះរាជ អន្តរាគមន៍ពីព្រះករុណាសិរីសុវត្ថិ។បន្ទាប់ពីព្រះរាជសវនាការ និងជ្រាបសព្វសេចក្តីមក ព្រះករុណាបានមានព្រះបន្ទូលសរសើរ យ៉ាងក្រៃលែងចំពោះកិច្ចការរបស់ព្រះថេរៈ ទាំង៤អង្គនេះ និងបានព្រះរាជទានប្រាក់រង្វាន់ ចំនួន ២០រៀល (កាលនោះចំនួននេះមិនមែនតិចឡើយ) ដល់ព្រះគ្រូសង្ឃសត្ថា។

សោតឯព្រះករុណា សិរីសុវត្ថិ មុនីវង្ស ដែលកាលនោះទ្រង់នៅជា ព្រះអង្គម្ចាស់ នៅឡើយនោះ ទ្រង់តែងមានការសព្វព្រះទ័យចំពោះកិច្ចានុកិច្ចរបស់ព្រះភិក្ខុទាំង៤រូបនេះជាខ្លាំង ហើយមានពេលខ្លះបានមានបន្ទូលជាមួយ ព្រះករុណា សិរីសុវត្ថិ ថា “ព្រះសង្ឃចាស់ៗទាំងនោះ (ក្រុមរបស់ សម្តេច កែ អ៊ុក) គ្មានចេះអ្វីសោះ អាងតែ ខ្លួនឯងជាមនុស្សចាស់ ជាអ្នកធំជាងគេ មានគំនិតឈ្នានិស គេមិនចង់ឲ្យគេចេះដឹង…គួរតែដកចេញពីតំណែង ទើបសម”។ក្រុមនេះមិនបានបញ្ចប់ត្រឹមនេះឡើយ ហើយបានបន្តប្រឆាំងនឹងកិច្ចានុកិន្ចរបស់ព្រះគ្រូ អនាគត មហាបុរសប្រវត្តិសាស្ត្រខ្មែរទាំងនេះដោយប្រការផ្សេងៗទៀត ដែលក្នុងក៏មានទាំងកុង្សីយ៍ សេនាបតី នៃក្រសួងធម្មការ ក៏ហាក់មានទំនោរទៅខាងក្រុមបុរាណនិយមដែរ និងមានចំណែកក្នុងការបន្ទច់ បង្អាក់នូវការបោះពុម្ពជាសៀវភៅរបស់ព្រះភិក្ខុអនាគតបណ្ឌិតទាំងនេះ។គណៈកម្មការមួយត្រូវបានប្រកាសតែងតាំងឡើងនៅ ថ្ងៃទី៣០ ខែកក្កដា គ.ស.១៩៣៧ ដែលមានសមាជិក៤រូបដើម្បីសិក្សាពីភាពផ្សេងគ្នារវាងធម៌ចាស់ និងធម៌ថ្មី និងដើម្បីរកមធ្យោបាយបន្សាត់ បង់នូវជម្លោះសាសនានាពេលនោះ។ សមាជិកទាំងបួនរូបនោះគឺ ព្រះគ្រូសំសត្ថា ជួន ណាត, ព្រះគ្រូសង្ឃវិជ្ជា ហួត តាត, ភិក្ខុ អ៊ុំ ស៊ូ និងភិក្ខុ មឿង។អ្នកប្រាជ្ញជាតិបារាំងម្នាក់ឈ្មោះ ល្វី ហ្វីណូត៍ ជាចាងហ្វាងសាលាបារាំងសែស (សាលាចុងបូព៌ា) នាទីក្រុងហាណូយ បានមកដល់ប្រទេសខ្មែរ នៅឆ្នាំ១៩២២ក្នុង បេសកកម្ម ពិនិត្យមើលកិច្ចការនៅនគរវត្ត និងការសិក្សានានានៅប្រទេសខ្មែរ។ លោក ហ្វីណូត៍ ជាអ្នកស្ទាត់ ជំនាញនូវភាសាបាលី សំស្ក្រឹត និងអក្សរខ្មែរបុរាណ ដែលមានចារិកលើផ្ទាំងថ្មនានា។ លោកយល់ ថា ខ្មែរមិន គួរសិក្សាភាសាតាំង ទៀតទេព្រោះមិនមានអ្វីពាក់ព័ន្ធនឹងអក្សរសាស្ត្រជាតិរបស់ខ្លួន ហើយថានៅសាលាធំៗខ្មែរគួរសិក្សា ភាសាបាលី និងសំស្ក្រឹត ត្បិតភាសាខ្មែរមានទំនាក់ទំនងយ៉ាង ច្រើនជាមួយភាសាទាំងពីរនេះ។

លោកបានមើលឃើញទៀតថា ឥឡូវនេះ ភាសាបាលីមានអ្នកសិក្សាច្រើនគួរសមហើយ ប៉ុន្តែ នៅមិនទាន់មានអ្នកសិក្សាភាសាសំស្ក្រឹតសោះឡើយ ហេតុនេះលោកបានពិគ្រោះជាមួយ ឡឺរ៉េស៊ីដង់ត៍ ស៊ូប៉េរីយើរ (ប្រចាំនៅកម្ពុជា) ថាត្រូវបញ្ជូនព្រះសង្ឃខ្មែរពីរូបដែលមានចំណះវិជ្ជាច្បាស់លាស់ផ្នែក ភាសាបាលី (ងាយស្រួលបង្រៀនភាសាសំស្ក្រឹត ព្រោះភាសាទាំងពីរនេះប្រហាក់ប្រហែលគ្នា) ទៅទីក្រុងហាណូយ ហើយលោកនឹងបង្រៀនដោយផ្ទាល់ បន្ទាប់មកនឹងបញ្ជូនព្រះសង្ឃ ទាំងពីររូបនោះឲ្យត្រឡប់មកបណ្តុះបណ្តាលភាសានេះនៅកម្ពុជាវិញ។រាជការខ្មែរជ្រើសរើសព្រះសង្ឃបានមួយរូបគឺព្រះគ្រូសង្ឃសត្ថា ជួន ណាត ដែលកាលនោះ ព្រះអង្គមាននាទីជាសាស្ត្រាចារ្យបង្រៀនភាសាបាលីនៅសាលាបាលីជាន់ខ្ពស់ (ពុទ្ធិកសកល វិទ្យាល័យព្រះសុរាម្រឹត)។ព្រះគ្រូសង្ឃសត្ថា បានមានព្រះថេរដីកាថា “បើរាជការបញ្ជូនព្រះសង្ឃអង្គណាទីទៃពី ព្រះគ្រូសង្ឃវិជ្ជា ហួត តាត នោះ ព្រះអង្គនឹងមិននិមន្តទៅសិក្សាឡើយ ត្បិតមានតែព្រះគ្រូរូបនេះទេ ដែលមានចំណេះវិជ្ជាផ្នែកភាសាបាលី និង សំស្ក្រឹតនេះស្រាប់ សោតឯអាធ្យាស្រ័យក៏ត្រូវគ្នាជាមួយ នឹងព្រះអង្គផងទៀត”។ ដោយហេតុនេះ ព្រះគ្រូសង្ឃវិជ្ជា នៃ យើងក៏បានត្រូវបញ្ជូនទៅសិក្សា នៅទីក្រុងហាណូយ ជាមួយព្រះគ្រូសង្ឃសត្ថា ជួន ណាត ទៀត។

ពួកអ្នកប្រកាសខ្លួនថា ជាអ្នកធម៌ចាស់ ពេលបានដឹងថា ព្រះគ្រូទាំងពីររូបដែលជាអ្នកដឹក នាំការសិក្សាកែប្រែនូវការប្រតិបត្តិខុសឆ្គងអោយត្រឡប់ជាត្រឹមត្រូវវិញតាមពុទ្ធបញ្ញត្តិនេះត្រូវបានរាជការជ្រើសរើសបញ្ជូនឲ្យទៅសិក្សា នៅហាណូយយ៉ាងនេះ ពួកនេះមានការសប្បាយចិត្ត ហើយ បានផ្សព្វផ្សាយថា ការបញ្ជូននេះជាលេសដែលរាជការបោះបង់ភិក្ខុទាំងទ្វេនេះចោលតែប៉ុណ្ណោះ ហេតុនេះ មុខជានឹងមិនមានថ្ងៃណាបានត្រឡប់មកស្រុកខ្មែរវិញ ឡើយ។ព្រះគ្រូមានសារជាតិជាបណ្ឌិតមិនមានទោមនស្សនឹងរឿងនេះឡើយ លោកបានខិតខំសិក្សា មិនតែភាសាសំស្ក្រឹតឡើយ លោកថែមទាំងបានសិក្សានូវអក្សរសិលាចារិក និងស្វែងយល់ពីជីវភាព ស្រុកទេសនៅទីនោះ ផងដែរ។ប្រមាណជាពីរឆ្នាំក្រោយមកអនាគតមហាបុរសរបស់យើង ទាំងទ្វេ ត្រូវបានបញ្ជូនត្រឡប់មក មាតុប្រទេសវិញ ហើយព្រះគ្រូសង្ឃសត្ថា ជួន ណាត ត្រូវបានឲ្យបន្តកិច្ចការជាសាស្ត្រាចារ្យ ភាសាបាលីតទៅទៀត ខណៈព្រះគ្រូ សង្ឃវិជ្ជា ហួត តាត ត្រូវបានតែង តាំងជាសាស្ត្រាចារ្យបង្រៀន ភាសាសំស្ក្រឹតនៅសាលាបាលីជាន់ខ្ពស់ ហើយក៏ជាសាស្ត្រាចារ្យភាសាសំស្ក្រឹតដំបូងគេនៅកម្ពុជា ចាប់តាំងពីការដួលរលំអាណាចក្រអង្គរ។
សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: